អ្នកមានខ្ញុំជាមិត្ដ!

September 30, 2020
Visitor/s 2.5K
background image

នៅពេលដែលមានបញ្ហា មានរឿងស្មុគស្មាញ ឬជួបនូវរឿងដែលធ្វើអោយអ្នកខកបំណង ហើយអ្នកមានភាពភ័យខ្លាចថា រឿងទាំងអស់នោះនឹងកើតឡើងម្ដងជាពីរដងទៀតអត់? ធ្លាប់គេចពីបញ្ហាទាំងនោះ ហើយសម្ងំនៅមួយកន្លែង ព្រោះខ្លាចអ្នកដទៃវាយតម្លៃ ឬនិយាយពាក្យមិនល្អទៅលើអ្នក ដែរអត់? ធ្លាប់គិតច្រើន ហើយបារម្ភ ខ្លាចនេះខ្លាចនោះ ឬអត់? ធ្លាប់មានអារម្មណ៍ឆេវឆាវ ខឹងច្រើន និងហត់នឿយអត់?

ទាំងអស់នេះ គឺកើតឡើងនៅពេលដែលអ្នកគិតច្រើន ទៅលើបញ្ហាដែលអ្នកជួបប្រទះដដែលៗ មិនចេះចប់មិនចេះហើយ រហូតដល់ពេលមួយ វាក៏បានកែប្រែអ្នកពី មនុស្សដែលធ្លាប់តែសប្បាយរីករាយ ទៅជាមនុស្ស ដែលស្ងៀមស្ងាត់ និងព្រួយបារម្ភច្រើន។ ពេលខ្លះ អ្នកចង់និយាយរឿងរ៉ាវ ដែលអ្នកបានជួបប្រទះ ដូចជា រឿងបញ្ហាគ្រួសារ បញ្ហានៅសាលា និងបញ្ហានៅកន្លែងការងារជាដើម ដែលវាធ្វើឲ្យអ្នកមានអារម្មណ៏តានតឹងក្នុងចិត្ដ។ ប៉ុន្ដែ អ្នកមិនដឹងថាគួរតែនិយាយប្រាប់អ្នកណា ព្រោះវាជាបញ្ហាផ្ទាល់ខ្លួន។ ខ្ញុំដឹងថា អ្នកមានភាពភ័យខ្លាច និងព្រួយបារម្ភច្រើន ប៉ុន្ដែអ្នកគួរតែដឹងថា ការដែលរក្សាទុក គំនរនៃបញ្ហាជាច្រើននៅក្នុងចិត្ដបែបនេះ មិនល្អសម្រាប់សុខភាពផ្លូវចិត្ដរបស់អ្នកឡើយ។

ខ្ញុំមានមិត្ដស្និទ្ធស្នាលម្នាក់ ដែលគេធ្លាប់ជួបនឹងបញ្ហានេះដែរ កាលពី ៣ឆ្នាំមុន។ នៅដើមឆមាសទីមួយនៃថ្នាក់ទី១១ វិទ្យាល័យរបស់ខ្ញុំ បានផ្ដល់ព័ត៌មាន អំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ពីថ្នាក់វិទ្យាល័យ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ លើវិស័យសុខាភិបាល។ គ្រាន់តែទទួលព័ត៌មានហើយ សិស្សរាល់គ្នាមានភាពសប្បាយរីករាយ និងស្រមើស្រម៉ៃថា បានអាហារូបករណ៍ទៅរៀននៅស្រុកគេ គ្រប់គ្នានាំគ្នា ដាក់ពាក្យប្រលង ហើយក្នុងនោះមិត្ដស្និទ្ធស្នាលបំផុតរបស់ខ្ញុំ ក៏បានដាក់ពាក្យប្រលងដែរ។

គាត់មានសង្ឃឹមយ៉ាងមុតមាំថា គាត់នឹងអាចធ្វើបាន អាចប្រលងជាប់ ទៅរៀននៅស្រុកក្រៅ ដើម្បីកាត់បន្ថយការចំណាយរបស់គ្រួសារដែលមានប្អូនៗ នៅក្នុងបន្ទុក។ នៅពេលដែលគាត់ចេញពីប្រលង ខ្ញុំក៏បានសាកសួរអំពី វិញ្ញាសានិងការឆ្លើយរបស់គាត់ ហើយគាត់ក៍បានប្រាប់ថា គាត់ធ្វើបានល្អទាំងអស់។ ប៉ុន្ដែអ្វីៗ វាមិនដូចជាការគិតឡើយ គឺពេលដែលចេញលទ្ធផល គាត់មិនបានជាប់ឡើយ។ អស់រយៈពេលជិតមួយខែពេញ ខ្ញុំមិនដែលឃើញគាត់ទៅរៀនទៀងទាត់ គឺគាត់តែងតែមកយឺត និងពេលខ្លះមិនមករៀនតែម្ដង។ ខ្ញុំព្យាយាមសួរគាត់ម្ដងហើយម្ដងទៀត ថាមានអ្វីកើតឡើង ប៉ុន្ដែអ្វីដែលខ្ញុំទទួលបានគឺពាក្យថា “គ្មានអីទេ” លើសពីនេះ មុខគាត់មិនសូវរីក និងមិនលេងជាមួយខ្ញុំនិងអ្នកឯទៀតឡើយ។

ខ្ញុំតែងតែព្យាយាមទាក់ទងទៅគាត់ ហើយនិយាយជាមួយគាត់ អំពីរឿងសប្បាយៗ ហើយប្រាប់គាត់ថា ប្រសិនបើមានអីចង់និយាយ អាចនិយាយប្រាប់ខ្ញុំបាន។ ថ្ងៃមួយគាត់បានមកសាលាទាន់ម៉ោងរៀនធម្មតា គាត់ក៏បានដើរមករកខ្ញុំ ហើយប្រាប់ខ្ញុំថា ការដែលគាត់ស្ងៀមស្ងាត់មួយរយៈមុននេះ គឺគាត់ភ័យខ្លាច និងព្រួយបារម្ភមិនហ៊ានប្រឈមនឹងការពិត ព្រោះខ្លាចគេនិយាយថា សិស្សពូកែមួយទាំងមូល តែប្រលងធ្លាក់។ បន្ទាប់ពីបានដឹង មូលហេតុដែលគាត់ទៅជាបែបនេះហើយ ខ្ញុំនិងមិត្ដឯទៀត បានផ្ដល់កម្លាំងចិត្ដដល់គាត់។ ខ្ញុំបានលើកទឹកចិត្ដគាត់ ឲ្យគាត់ខំរៀនវិញ ហើយព្យាយាមពន្យល់គាត់ថាមិនទាន់ហួសពេល ក្នុងការចាប់យកអាហារូបករណ៍ឡើយ។ មួយវិញទៀត ខ្ញុំប្រាប់គាត់ថា កុំខ្មាសអៀនអីនឹងទទួលយការពិត បើទោះបីជាគាត់ប្រលងមិនជាប់ក៏ដោយ ព្រោះការប្រលងតែងតែមានជាប់មានធ្លាក់ គ្មាននរណាល្អគ្រប់ដប់ឡើយ នៅមានឱកាសជាច្រើនទៀតដែលកំពុងរងចាំគាត់។ មួយរយៈក្រោយមក គាត់ក៏បានប្រែមកជាធម្មតាវិញ មករៀនទៀងទាត់ និយាយលេងសើចច្រើនជាងមុន។

ជារួម ការដែលជ្រើសរើសលាក់ទុកនូវបញ្ហា វាគ្មានបានផលល្អអ្វីឡើយ ក្រៅតែពីផ្ដល់ផលអវិជ្ជមាន ដល់សុខភាពផ្លូវចិត្ដរបស់អ្នកឡើយ។ លើសពីនេះ ប្រសិនបើអ្នកនៅតែលាក់ទុកនូវបញ្ហា ហើយព្យាយាមគិតអំពីវា ដដែលៗនោះ វានឹងអាចវិវឌ្ឍន៏ទៅជាជម្ងឺផ្លូវអារម្មណ៍មួយមិនខាន ដែលគេហៅថា ជម្ងឺតានតឹងចិត្ដ។ ប្រសិនបើអ្នកកំពុងជួបបញ្ហាអ្វីមួយ អ្នកគួរតែជ្រើសរើសនិយាយវា ចេញមកក្រៅ ដោយប្រាប់ទៅកាន់មនុស្ស ដែលអ្នកទុកចិត្ដ ឬក៏អាចជាមិត្ដជិតស្និតរបស់អ្នក ដើម្បីអោយបានធូរស្រាលក្នុងចិត្ដ ហើយសឹមរកដំណោះស្រាយតាមក្រោយ ព្រោះរាល់បញ្ហាតែងតែមានដំណោះស្រាយជានិច្ច។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចយកឈ្នះបញ្ហាដែលអ្នកកំពុងជួបប្រទះបាន ដូចដែលមិត្ដរបស់ខ្ញុំធ្លាប់បានឆ្លងកាត់និងដោះស្រាយបញ្ហារបស់គាត់អ៊ីចឹង។

 

article_10_5708e41d5d.png

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024