តើអ្នកតែងតែគិតពីផលវិបាក ការចំណាយនិងការចំណេញឲ្យតែពេលធ្វើអ្វីមួយមែនទេ? អ្នក មួយចំនួនអាចថា អ្នកជាមនុស្សកំណាញ់ ចាយរីស អូខេ! វាអាចជាមួយផ្នែក ប៉ុន្តែវាក៏សញ្ញាមួយ អាចបញ្ជាក់ប្រាប់ថា អ្នកជាមនុស្សម្នាក់ដែលចេះគិតគូរក្នុងការចាយវាយអ្វីមួយ ឫក្នុងការធ្វើអ្វី មួយ ។ ហើយបើនិយាយពីមុខជំនាញដែលសាកសមសម្រាប់រៀននៅថ្នាក់សាកលវិទ្យាល័យវិញ គឺមានមុខ ជំនាញសហគ្រិនភាព។
១. អ្វីទៅជាជំនាញសហគ្រិនភាព?
សហគ្រិនភាព ឫភាពជាសហគ្រិន ស្តាប់ទៅដូចជាមិនសូវយល់តិច ព្រោះវាជាពាក្យបច្ចេកទេស តែបើសិនជាយើងនិយាយឲ្យងាយស្រួលយល់ទៅគឺ ការធ្វើមុខជំនួញឫការរកស៊ីបែបថ្មីដែល មិនមែនជាការរកស៊ីបែបប្រពៃណី នេះតែម្តង ដែលផ្ដោតទៅលើការគ្រប់គ្រងសហគ្រាស ។ ភាគច្រើន សហគ្រិន តែងបង្កើតអ្វីដែលថ្មីឡើងដើម្បីដោះស្រាយបញ្ហាក្នុងសង្គម ។
មានអ្នកមួយចំនួនគិតថា ការធ្វើមុខជំនួញចាំបាច់ត្រូវមានដើមទុនធំ និងមានអ្នក ត្រួសត្រាយផ្លូវឲ្យ ទើបមានការរីកចំរើននិងអាចដំណើរការទៅមុខរួច ។ ពេលខ្លះមតិនេះគឺ ពិតជាត្រឹមត្រូវតែមិនគ្រប់ពេលនោះទេ ។ មានអ្នកខ្លះក៏គេចាប់ផ្តើមមុខជំនួញរបស់គេជាមួយ ដើមទុនតិចហើយជោគជ័យនិងរីកចំរើនដែរ មិនមែនទាល់តែដើមទុនធំនោះទេ ។ ដោយសារ មូលហេតុនេះហើយដែលមានសិស្សដែលទើបតែបញ្ចប់វិទ្យាល័យមួយចំនួនស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខជំនាញមួយនេះ ។
២. តើជំនាញនេះត្រូវសិក្សាពីអ្វី?
ការសិក្សាជំនាញ សហគ្រិនភាព មានលក្ខណៈស្រដៀងគ្នានឹងការជំនាញបរិញ្ញាប័ត្រ ការគ្រប់គ្រង អាជីវកម្ម (Business Administration) ដែរ ដោយក្នុងជំនាញខាងលើ អ្នកត្រូវសិក្សាផ្តោត សំខាន់អំពីការគ្រប់គ្រង (Management) ការសិក្សាអំពីទីផ្សារ រួមបញ្ជូលទាំងការសិក្សាពីហិរញ្ញវត្ថុ និងគណនេយ្យក្នុងភាពជាម្ចាស់អាជីវកម្ម ។ អ្នកអាចនឹងត្រូវសិក្សាពីមុខវិជ្ជាជាច្រើនទៀត អាស្រ័យទៅតាមសាកលវិទ្យាល័យដែលអ្នកជ្រើសរើស ។
មុខជំនាញនេះសាកសមជាមួយអ្នកដែលចូលចិត្តផ្សងនឹងឧបសគ្គនានា ដើម្បីភាពចំណេញទៅ ថ្ងៃមុខហើយមួយវិញទៀតវា ពិតជាស័ក្តិសមជាមួយអ្នកដែលយកគំនិតរបស់ខ្លួនបណ្តាក់ទុន ដើម្បី ការអភិវឌ្ឍន៍ក្នុងសង្គម ក៏ដូចជាដើម្បីខ្លួនឯង និងគ្រួសារផងដែរ។ អ្នកពូកែគណិត ពូកែការគិតគឺរឹតតែស័ក្តិសមបើមានចំណង់ចំណូលចិត្តចង់រៀនមុខជំនាញមួយនេះ ។
៣. តើក្រោយពេលបញ្ជប់ការសិក្សា ខ្ញុំនឹងទទួលបានឱកាសការងារអ្វីខ្លះ?
ក្រោយពីបញ្ចប់ការសិក្សានូវមុខជំនាញនេះហើយ មិនមែនមានន័យថា អ្នកចាំបាច់ ត្រូវតែមាន គំនិតក្នុងការបង្កើតមុខជំនួញខ្លួនឯងភ្លាមនោះទេ អ្នកក៏មានការងារជាច្រើនដែលរងចាំ អ្នកក្រោយពីបញ្ជប់ការសិក្សានោះ ។ ការងារទាំងនោះមានដូចជា៖
- អ្នកវិភាគតាមច្បាប់
- ទីប្រឹក្សាអាជីវកម្ម
- អ្នកវិភាគអាជីវកម្ម
- គ្រប់គ្រងគណនេយ្យ
- ធនាគារវិនិយោគទុន
- អ្នកវិភាគទិន្នន័យ
- និងមុខតំណែងជាច្រើនទៀត។
៤. សាកលវិទ្យាល័យក្នុងស្រុក ដែលអ្នកអាចសិក្សាជំនាញនេះបាន
អូខេ!!! ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់រៀនមុខវិជ្ជាមួយនេះ អ្នកទាំងអស់គ្នាអាច ស្វែងរកបាននូវសាកលវិទ្យាល័យជាច្រើនដែលមានដូចជា៖
- សាលា CamEd Business School
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)
- សាកលវិទ្យាល័យវេស្ទើន (Western University)
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ (Pannasastra University of Cambodia)
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) និង សាកលវិទ្យាល័យមួយចំនួនផ្សេងទៀត ៕
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60






